ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសកែសម្រួលវិធានការសុខាភិបាលលើអ្នកដំណើរមកពីបរទេស ដែលមកដល់កម្ពុជាប៉ុន្តែបានជំរុញដល់អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋាន ឬដូសជំរុញត្រូវទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញនៅពេលមកដល់កម្ពុជា។ លោកបានឱ្យដឹងបន្តថា ក្រសួងបន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយនៅតាមច្រកទ្វារចេញ-ចូលប្រទេសព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យផ្តល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលក៏ដោយរដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញត្រូវទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំង ដែលមាននៅតាមរាជធានី-ខេត្តដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ មានពលរដ្ឋប្រមាណ៩៤,៩៩ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់បានទទួលវ៉ាក់សាំងកូវីដ-១៩៕