ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជំរុញដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខណៈកម្ពុជាបន្តធ្លាក់ភ្លៀងពីតិចទៅច្រើនចាប់ពីថ្ងៃទី៥-១១ខែតុលា ឆ្នាំ២០២២។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែតុលានេះថា ប្រព័ន្ធសម្ពាធទាបបន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនង់សម្ពាធខ្ពស់ពីប្រទេសចិន និងសម្ពាធទាបដែលរុញពីក្រោមក៏មានឥទ្ធិពលមកលើកម្ពុជាដែរ។
ក្រសួងឱ្យដឹងបន្តថា ចាប់ពីថ្ងៃទី៥-១១ខែតុលា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នាពីតិចទៅបង្គួរនៅតំបន់ទំនាបកណ្ដាលហើយផ្នែកខ្លះនៃបណ្ដាខេត្តភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា នៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ខណៈនៅតំបន់មាត់សមុទ្រក៏មានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរនិងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ផងដែរ។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់សាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕