ទាក់ទងទៅនឹងបទចម្រៀង«ជីវីតក្មេងវត្ត» ដែលទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន ព្រោះនេះជាស្នាដៃនិពន្ធផ្ទាល់ និងជារឿងរ៉ាវពិតមួយរបស់សម្តេចតេជោហ៊ុនសែន យ៉ាងណាមិញគេក៏ឃើញថាមានវត្តមានសិល្បករខ្មែរជាច្រើនរូបបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសម្ពោធភាពយន្តចម្រៀងនេះផងដែរដែលធ្វើឡើងនៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនេះ។ យោងទៅតាមការរាយរាប់របស់អ្នកដឹកនាំសម្តែងបទចំរៀងភាពយន្ត«ជីវិតក្មេងវត្ត» លោកហ្វៃសំអាងបានរៀបរាប់អោយដឹងថាបទចំរៀងជីវិតក្មេងវត្តនេះធ្លាប់បានចេញផ្សាយម្តងរួចមកហើយកាលពីឆ្នាំ២០០០ក្រោមការគ្រប់គ្រងរបស់ផលិតកម្មហង្សមាស ចំនែកឯការផលិតលើកទី២នេះគឺក្រោមការគ្រប់គ្រងរបស់សមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយលោកហ្វៃសំអាងដោយត្រូវចំណាយពេលធ្វើរហូតទៅដល់១ឆ្នាំអស់ទឹកប្រាក់សរុប១២ម៉ឺនដុល្លា។ ការសហការគ្នាយ៉ាងមាំមួនរបស់ក្រុមសមាគមសិល្បករខ្មែរ គឺទើបធ្វើអោយមិនអាចមើលរំលងបានពីការអញ្ជើញសិល្បករជាច្រើនរូបមកធ្វើជាភ្ញៀវវិសេសវិសាលសំរាប់កម្មវិធីមួយនេះ ដោយនៅក្នុងនោះមានដូចជាលោកព្រាបសុវត្ថិ លោកខេមរៈសិរីមន្ត និងសិល្បករគ្រប់ស្រទាប់វ័យផ្សេងៗទៀត ដែលធ្វើអោយអ្នកចូលរួមសរុបមានប្រមាណ២០០០នាក់ឯណោះ។ ដោយនៅក្នុងនោះផងដែរឃើញថាមានកំពូលសិល្បករ២រូបដែលមានកិត្តិយសសម្តែងផ្ទាល់នៅក្នុងកម្មវិធី នោះគឺជាកញ្ញា សុខពិសី និងលោកខេមរៈសិរីមន្ត។ កញ្ញាសុខពិសីបានបកស្រាយចំរៀងមួយបទក្រោមចំណងជើងថា«ស្ពានសាងស្នេហ៍» រីឯលោកខេមរៈសីរីមន្តវិញធ្វើការបកស្រាយចំរៀងក្រោមចំណងជើងថា«លោកពុកល្អពេកហើយ»។ គួរបញ្ជាក់ផងដែរភាពយន្តចម្រៀង«ជីវិតក្មេងវត្ត»នេះមានរយៈពេលរហូតទៅដល់ប្រមាណ៣០នាទី និងមានចាក់បញ្ចូលបទចំរៀង«ជីវិតក្មេងវត្ត»របស់លោកយិនសារិននៅតាមចន្លោះនៃសាច់រឿង ដោយមានសិល្បករចូលរួមសម្តែងដូចជាកញ្ញាឌួង ហ្សូរីដា លោកឈឹម សក្កដា អ្នកគ្រូឌីសាវ៉េត លោកប៉ាន់ខែមម៉ានូ និងសិល្បករកិត្តិយសជាច្រើនរូបទៀត។ ចំនែកឯសាច់រឿងទាំងមូលវិញគឺឆ្លុះបញ្ចាំងពីការខិតខំពុះពារទាំងឡាយដើម្បីក្រេបវិជ្ជារបស់តួអង្គនៅក្នុងរឿង។