ភ្នំពេញ៖ ទីតាំងភ្នាល់ល្បែងស៊ីសងប្រមាណជាង៩ពាន់កន្លែងត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបខណៈអ្នកពាក់ព័ន្ធចំនួនជាង១៣០០០នាក់ ត្រូវបានធ្វើការអប់រំធ្វើកិច្ចសន្យា និងមួយចំនួនទៀតបានចាត់វិធានការតាមច្បាប់។ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនៅទូទាំង២៥រាជធានី-ខេត្ត ឭបានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន១៣.០៣២នាក់។
លោកបានគួសបញ្ជាក់ថា ជនសង្ស័យចំនួន ១២.៧៨៦នាក់ត្រូវបានអប់រំ និងចំនួន២៤៦នាក់ត្រូវបានបញ្ជូនទៅតុលាការ។ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹម នឹងព្រមានដកហូតមុខតំណែងប្រសិនបើមិនអនុវត្តតួនាទី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍លើកឡើងថាទីតាំងបនល្បែងនៅតាមហាងគុយទាវ និងហាងកាហ្វេព្រមទាំងទីតាំងសុខច្បាប់ដទៃទៀត ចាំបាច់ត្រូវតែបិទចោលតែម្តង៕