កំពង់ស្ពឺ៖ ព្រះសង្ឃចំនួន៣អង្គត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនក្រោយពេលស្លៀកពាក់ស៊ីវិលហើយធ្វើសកម្មភាពប្លន់យកទូរសព្ទដៃនិងប្រាក់នៅក្នុងស្រុកបសេដ្ឋ។ របាយការណ៍របស់អធិការដ្ឋានស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបានឱ្យដឹងថា ព្រះសង្ឃទាំង៣អង្គត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្នុងវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី ។
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងបន្តថា កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២មានព្រះសង្ឃមួយអង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សាគង់នៅវត្តធម្មមង្គលស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ បានមកដាក់ពាក្យបណ្តឹងថា ព្រះអង្គត្រូវបានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទដៃមួយគ្រឿងនិងលុយខ្មែរ២ម៉ឺនរៀល។
ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញបានបើកការស៊ីបអង្កេតឈានដល់កំណត់មុខសញ្ញាជនសង្ស័យ ហើយក៏បានឃាត់ខ្លួនមកសាកសួរក្នុងនោះបានឃាត់ខ្លួនព្រះសង្ឃ៣អង្គ ១-ព្រះនាម ផុន មករា ព្រះជន្មអាយុ១៦ព្រះវស្សា,២-ព្រះនាម ឌឿន វណ្ណដេតព្រះជន្ម១៦ព្រះវស្សា និងទី៣-ព្រះនាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សា។ តាមការសាកសួររបស់សមត្ថកិច្ចជំនាញព្រះសង្ឃទាំង៣អង្គនេះបានសារភាពថា ពិតជាបានក្លែងខ្លួនដោយស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពប្លន់ព្រះសង្ឃព្រះនាម វ៉ាត សុខវៀត ពិតមែន។ ក្រោយទទួលបានចម្លើយសារភាពរួច កម្លាំងជំនាញបានបញ្ជូនទៅមន្ទីរធម្មការ និងសាសនាដើម្បីផ្សឹកហើយបន្តនីតិវិធីច្បាប់៕