សម្រាប់រយៈ០៨ ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត១លាននាក់ កើនទ្បើង៧២០,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយទេសចរផ្ទៃក្នុងជាង៨,៦លាននាក់ កើនទ្បើង២៥៥,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយសង្ឃឹមថា ឆ្នាំ២០២២នេះ កម្ពុជានឹងអាចទទួលទេសចរអន្តរជាតិបានប្រមាណពី ១,៥ ទៅ២ លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណពី១០ ទៅ១១ លាននាក់។
នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ
ក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា នេះ។ លោកថ្លែងថា អនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ វិស័យទេសចរណ៍កម្ពុជាមានកំណើនជាបន្ត បន្ទាប់ ចូលរួមយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ចំណូល និងតម្លៃបន្ថែមជាច្រើន។
បើតាមរបាយការណ៍ ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៦,២ លាននាក់ កើនទ្បើង១០,៧ ភាគរយ ធៀបនឹងនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន៦,៦ លាននាក់ កើនទ្បើង៦,៦ ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ឆ្នាំ ២០២០-២០២១ វិស័យទេសចរណ៍កម្ពុជា តំបន់ និងពិភពលោកបានជួបនូវវិបត្តិរួមគ្នា គឺការរីករាលដាល នៃវិបត្តិជំងឺកូវីដ-១៩។
បើតាមលោក តុប សុភ័ក អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពល្អ និងត្រូវបានទទួលស្គាល់ជាគោលដៅមានសុវត្ថិភាព វិស័យទេសចរណ៍កម្ពុជាក៏នៅរក្សាបាននូវភាពធន់ និងនៅតែឈរជាសសរស្តម្ភយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនោះ ទោះស្ថិតក្នុងស្ថានភាពវិបត្តិដ៏អាក្រក់នេះក្តី រាជរដ្ឋាភិបាលបានបន្តប្រែក្លាយវិបត្តិឲ្យទៅជាឱកាសក្នុងការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគំាទ្រការអភិវឌ្ឍវិស័យទេសចរណ៍ដូចជាគម្រោងផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ គម្រោងផ្លូវ៣៨ ខ្សែ នៅខេត្តសៀមរាប អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី និងកំពង់ផែទេសចរណ៍សមុទ្រខេត្តកំពត ជាដើម។
ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ក្រសួងទេសចរណ៍បានបង្កើន និងបន្តពង្រឹងការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងសកម្មភាពការងារ ពិសេសសម្រេចបានការដាក់ចេញនូវផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងីកូវីដ-១៩ ដែលមាន០៣ដំណាក់កាល៕ (មានជ័យ)