ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញបានរៀបចំពិព័រណ៍វប្បធម៌ ដែលពិធីនេះរៀបចំនៅក្នុងព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ថ្ងៃបង្កើតទំនាក់ទំនងការទូតនិងអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម(២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។
ព្រឹត្តិការណ៍ពិព័រណ៍នេះត្រូវបានរៀបចំរយ:ពេល៤ថ្ងៃដោយចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មានរូបថតសរុបចំនួន៤៦ផ្ទាំងដែលគ្របដណ្ដប់លើទិដ្ឋភាពសំខាន់ៗរួមមាន៖ ការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំប្រទេសទាំងពីរលើវិស័យសិល្បៈវប្បធម៌, បេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់កម្ពុជាដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនិងបេតិកភណ្ឌវប្បធម៌លេចធ្លោដទៃទៀតព្រមទាំងពិធីបុណ្យជាតិនិងសាសនាសំខាន់ៗល្បែងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី ទេសភាពស្រុកស្រែចម្ការនិងបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល។ នៅក្នុងព្រឹត្តិការណ៍នោះក៏មានការតាំងបង្ហាញសម្ភារៈប្រពៃណីនិងវត្ថុសិល្បៈដូចជា ហូលពិតាន សំពត់ ក្រមា និងវត្ថុអនុស្សាវរីយ៍ធ្វើពីសូត្រ មុខខ្មុកល្ខោនខោល ចម្លាក់ស្បែក និងស្ពាន់ព្រមទាំងគំនូរបុរាណផងដែរ។
រូបថតសម្ភារៈប្រើប្រាស់និងវត្ថុសិល្បៈទាំងអស់នេះគឺបានបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីព្រមទាំងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជាដែលទាំងអស់នេះបានចូលរួមចំណែកលើកកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យល្បីសុះសាយនៅក្នុងពិភពលោកស័ក្តិសមជា “ព្រះរាជាណាចក្រនៃវប្បធម៌” ហើយក៏ជាសក្តានុពលទេសចរណ៍វប្បធម៌យ៉ាងសំខាន់នៅក្នុងតំបន់និងពិភពលោកផងដែរ។
មិនតែប៉ុណ្ណោះពិព័រណ៍នេះពុំត្រឹមតែជាការចែករំលែកនូវចំណេះដឹងប៉ុណ្ណោះទេតែបានបញ្ជាក់ពីសក្ខីភាពនៃការរឹតចំណងសាមគ្គីភាពរវាងប្រទេសនិងប្រទេសរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងព្រមទាំងរស់នៅប្រកបដោយសុខសន្តិភាពការអភិវឌ្ឍ និងមិត្តភាពយូរអង្វែង៕