ស្ថិតក្នុងស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើនព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឲ្យមានភ្លៀងធ្លាក់លើសពីធម្មតានិងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។
ដោយឡែកនៅរមណីយដ្ឋានអង្គរក៏ទទួលបានទឹកភ្លៀងក្នុងកំរិតខ្ពស់បណ្តាលឲ្យដីមានភាពទន់ជ្រាយ និងរងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងបណ្តាលឲ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរនេះបើតាមការបញ្ជាក់ពីអាជ្ញាធរអប្សរានារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
ស្ថិតក្នុងស្ថានភាពប្រឈម អាជ្ញាធរជាតិអប្សរាបានក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ។ ជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឲ្យឆ្ងាយពីដើមឈើធំៗកុំជ្រក ឬចតយានយន្តក្រោមដើមឈើដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។
បើតាមអាជ្ញាធរអប្សរាដើមឈើដែលបានបាក់រលំនៅថ្ងៃទី២៩ ខែកញ្ញានេះមាននៅប្រាសាទព្រះខ័ន ប្រាសាទតាកែវ និងប្រាសាទសួរព្រ័ត្រជាដើម៕