នៅក្នុងខ្សែភាពយន្តខ្មែររឿង«លោកគ្រូប្រពន្ធល្អ»បានធ្វើអោយសិល្បករខុសវ័យពីររូបបានមកជួបគ្នាសារជាថ្មីបន្ទាប់ពីពួកគេធ្លាប់បានបកស្រាយបទចំរៀងមួយបទរួមគ្នា។ ចំនែកឯនៅក្នុងខ្សែភាពយន្តនេះផងដែរអ្នកទាំងពីរក៏មានឳកាសជួបគ្នាជាថ្មីដើម្បីបកស្រាយបទចំរៀងមួយបទទៀតសំរាប់ដាក់នៅក្នុងខ្សែភាពយន្ត។ អ្នកទាំងពីរគឺជាលោកនេនទុំ និងលោកពូព្រហ្មម៉ាញ។ កាលពីឆ្នាំទៅ ពួកគាត់ធ្លាប់បានចេញចំរៀងចង្វាក់ប្រពៃណីខ្មែរមួយបទក្រោមចំណងជើងថា«ពូក្មួយចង់បានប្រពន្ធ» កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នៅលើឆាណែលយូធូបដែលមានឈ្មោះថា boty phen។ សំរាប់បទនេះផងដែរក៏ត្រូវបានលោកនេនទុំធ្វើការច្នៃឡើងច្រៀងជាមួយនឹងលោកហួរ ឡាវី ម្តងទៀត ដោយមានចំណងជើងថា«ក្មួយចង់បានប្រពន្ធ» កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា នេនទុំ NEN TUM YouTube Official។ ឃើញថាកន្លងមកលោកនេនទុំពិតជាមានឳកាសបានផលិតស្នាដៃជាច្រើនជាមួយនឹងសិល្បករជើងចាស់ ហើយនៅក្នុងគំរោងការងារថ្មីរបស់លោកនៅក្នុងឆ្នាំ២០២២ជាមួយនឹងលោកពូព្រហ្មម៉ាញក៏ជាសមិទ្ធផលមួយសំរាប់ខ្សែភាពយន្តខ្មែរផងដែរ។ បទចំរៀងថ្មីរបស់អ្នកទាំងពីរមានចំណងជើងថា«តុងទីនវ័ណ្ឌក» ក្រោមការនិពន្ធទំនុកភ្លេង និងទំនុកច្រៀងផ្ទាល់ដោយលោកនេនទុំ ស្តែងឡើងនៅចង្វាក់ភ្លេងប្រពៃណីខ្មែរមួយបែបទៀតដែលមានភាពញាប់រន្ថើន និងមានទំនុកចុងចួនពិរោះស្តាប់។ បទចំរៀងនេះត្រូវបានចេញផ្សាយឡើងនៅក្នុងថ្ងៃទី២៩ ខែកញ្ញាថ្មីៗកន្លងទៅនេះទេ ហើយធ្វើអោយទស្សនិកជនមានការលាន់មាត់សរសើរព្រោះធ្លាប់តែឃើញលោកពូព្រហ្មម៉ាញច្រៀងទំរង់សិល្បៈអាយ៉ៃ តែខណៈពេលប្តូរមកច្រៀងសិល្បៈសម័យបែបនេះ ពិតជាធ្វើអោយពួកគេប្លែកភ្នែកប្លែកត្រចៀកមែនទែន។ យ៉ាងណាមិញនៅក្នុងបទចំរៀងមួយបទនេះមានរំលេចឈុតឆាកគួរអោយចាប់អារម្មណ៍មួយចំនួនដូចជាជាមួយនឹងការប្រើប្រាស់ម៉ូតូម៉ាម៉ូឡែតពណ៌ក្រហមដ៏ស្រស់ស្អាតដែលស៊ីទៅនឹងសាច់រឿងនៃបទចំរៀង។ ម្យ៉ាងទៀតការច្រៀងឆ្លើយឆ្លងរបស់អ្នកទាំងពីរស្ថិតក្រោមរូបភាពម្នាក់ជាគ្រូ ចំនែកឯម្នាក់ទៀតជាសិស្ស ហើយសួរដេញដោលគ្នាទាក់ទងពីការដេញតុកទីន និងពាក្យថាលោកគ្រូប្រពន្ធល្អ គ្រូក្រប្រពន្ធរអ៊ូទាំងបែបកំប្លុកកំប្លែង។ ម្យ៉ាងទៀតទស្សនិកជនក៏អាចចូលទៅទស្សនាសកម្មភាពថតសម្លេង និងMVបទចំរៀង«តុងទីនវ័ណ្ឌក»ផងដែរនៅក្នុងឆាណែលយូធូបរបស់លោកនេនទុំ។