ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានក្រើនរំលឹកនិងបញ្ជាដល់អ្នកពាក់ព័ន្ធឱ្យបន្តយុទ្ធនាការបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹម ខណៈប្រតិបត្តិការក្នុងរយៈពេលកន្លងទៅនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ថ្លែងក្នុង "វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦" នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងការហួសចិត្តត្បិតថា កន្លែងផឹកកាហ្វេបែរក្លាយជាទៅកន្លែងភ្នាល់ដ៏កាក់កប។
សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធរឲ្យបន្តយុទ្ធនាការដូចភ្លៀងរលឹមខណៈល្បែងស៊ីសងមានទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាពដែលរដ្ឋាភិបាលប្រឹងប្រែងលុបបំបាត់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ដែរថា ប្រតិបត្តិការបង្រ្កាបរបស់អាជ្ញាធររាជធានីភ្នំពេញនិងខេត្តកណ្តាលកាលពីពេលថ្មីៗមកនេះបានធ្វើឡើងប្រមាណ១៧០០កន្លែង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដូចភ្លៀងរលឹម នឹងព្រមានដកហូតមុខតំណែងប្រសិនបើមិនអនុវត្តតួនាទី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍លើកឡើងថាទីតាំងបនល្បែងនៅតាមហាងគុយទាវនិងហាងកាហ្វេព្រមទាំងទីតាំងសុខច្បាប់ដទៃទៀត ចាំបាច់ត្រូវតែបិទចោលតែម្តង៕