មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី២៨ ខែកញ្ញា នេះបានបង្ហាញពីកក្តានុពលមួយចំនួនដែលខេត្តជង្រុកស្រូវមួយនេះអាចទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនជាងគេក្នុងទូទាំងប្រទេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ។
បើតាមមន្ទីរទេសចរណ៍ការទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនដោយសារតែខេត្តបាត់ដំបងមានវិសាលភាពទឹកដីធំទូលាយមានប្រជាជនច្រើន និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ចំនួនរហូត១១១ទីតាំង ហើយសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិច្រើន។ តំបន់ទេសចរណ៍ទាំង១១១ទីតាំងនោះមាននៅក្នុងស្រុកបាណន់ រតនមណ្ឌល ស្រុកសំឡូត ស្រុកភ្នំព្រឹកជាដើម និងមានរមណីយដ្ឋានកែច្នៃដូចជា៖ ឡូរីជើងភ្នំបាណន់ សួនទឹកសុភមង្គល វាលស្រែឯកភ្នំ កោះចាក់សោបេះដូងគម្រោងឡេងណាវ៉ាត្រា-ល-។
បាត់ដំបងមានទីក្រុងបុរាណដែលមានសំណង់អភិរក្សក្នុងទីក្រុង(ជាង៨០០ខ្នង)និងជាគោលដៅទេសចរណ៍សាសនាដ៏សំខាន់តាំងពីសម័យលោកម្ចាស់ម្លេះ ។ បន្ថែមពីនេះ សេវាកម្មទេសចរណ៍នានាមានស្តង់ដាត្រឹមត្រូវនិងតម្លៃសមរម្យព្រមទាំងមានអាហារឆ្ងាញ់ៗជាច្រើន។ កត្តាទាំងនេះហើយគឺជាចលករក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តបាត់ដំបងពីមួយឆ្នាំទៅមួយឆ្នាំ។
គួររំលឹកថាតាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា សម្រាប់រយៈពេល៣ថ្ងៃក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេជាខេត្តដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនក្នុងចំណោមរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕