សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែខ្លាំងក្លាទៅមុខនេះបើយោងតាមសារលិខិតចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកថ្ងៃទី២៧ ខែកញ្ញា ឆ្មាំ២០២២។ បើតាមសម្តេចតេជោ ហ៊ុន សែន ៥ចំណុចនោះរួមមាន៖
១. ជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ និងច្នៃប្រឌិត និងនវានុវត្តន៍ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយតាមគ្រប់រូបភាពខណៈដែលថ្មីៗនេះកម្ពុជាត្រូវបានទេសចរអន្តរជាតិបោះឆ្នោតផ្តល់មតិគាំទ្រ និងទទួលរង្វាន់ពីអង្គភាពរង្វាន់ទេសចរណ៍ពិភពលោកជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ីឆ្នាំ២០២២ និងជាគោលដៅទេសចរណ៍យុវជននាំមុខក្នុងទ្វីបអាស៊ីឆ្នាំ២០២២។
២. ជំរុញការកសាងផែនការរួមគ្នាការប្រើប្រាស់រួមគ្នានៅតាមគោលដៅទេសចរណ៍អាទិភាពក្នុងនោះត្រូវពង្រឹងការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ ដែលអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធរដ្ឋឯកជនសហគមន៍ទេសចរណ៍ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិតទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឱ្យមានការ "រួមគិតរួមធ្វើរួមទទួលខុសត្រូវ” ក្នុងដំណើរការអភិវឌ្ឍទេសចរណ៍ និងការបង្កើន ភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។
៣. ផ្តល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្មនៅក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាដើម្បីពង្រឹងភាពធន់ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែងចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល, សេដ្ឋកិច្ចច្នៃប្រឌិត, សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។
៤. ពង្រឹងការបណ្ដុះបណ្ដាល និងតម្រង់ទិសទាំងការពង្រឹងជំនាញដែលមានស្រាប់និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីផ្តល់លទ្ធភាពឱ្យកំលាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមនិន្នាការទេសចរណ៍ដែលកំពុងមានការប្រែប្រួលដ៍ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរនិងទេសចរណ៍ ។
និង៥. បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមានកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន, អេកម៉ិក(ACMECS), (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា វៀតណាម)ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោកនិងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀតដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា៕