សម្រាប់រយៈពេល៣ថ្ងៃក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេជាខេត្តដែលទទួលបានភ្ញៀវទេសចរណ៏ច្រើនក្នុងចំណោមរាជធានីខេត្ត ទាំង២៥ទូទាំងប្រទេសនេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងទេសចរលោក តុប សុភ័ក។
បើតាមអ្នកនាំពាក្យរូបនោះកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេ។ របាយការពីក្រសួងទេសចរណ៏បានឲ្យដឹងថា ភ្ញៀវទេសចរសរុបទូទាំងប្រទេសមានចំនួន១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេរួមមាន៖ ខេត្តបាត់ដំបង២១០,១២២នាក់, ខេត្តសៀមរាប១៤៣,៤៧០នាក់, ខេត្តកែប១១៦,៧៧៦នាក់, ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់, ខេត្តព្រះសីហនុ៨៤,៥៥៧នាក់, ខេត្តកំពង់ចាម៧៩,៥៧៤នាក់, ខេត្តកំពត៧៧,៥៤៨នាក់, ខេត្តកណ្តាល៥៤,៥៤៦នាក់, ខេត្តកំពង់ឆ្នាំង៥៤,០២៦នាក់, ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។
ក្រសួងទេសចរណ៏បញ្ជាក់ថា តួលេខនេះមានកំណើន៨៩.៤៣%ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមកដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិតខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្តដោយសារវិបត្តិជំងឺកូវីដ-១៩។
ដោយឡែកមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាពតម្លៃសមរម្យនិងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។ សម្រាប់រយៈពេល៣ថ្ងៃនេះសភាពការណ៍ទេសចរណ៍ជារួមរាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតានិងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេបើទោះបីបណ្តារាជធានីខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង៕