ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ នឹងបើកទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេសហើយស្ថានភាពនេះនឹងធ្វើឲ្យកម្រិតទឹកក្នុងព្រែកកំពង់បាយមានកម្ពស់លើសពីធម្មតា។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានឱ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ហើយគិតត្រឹមរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងទំនប់នេះមានកម្ពស់ ១៤៨.៦៩ម៉ែត្រ។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយនិងប្រជានេសាទត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ខណៈកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ឈ្មោះ ណូរុ។
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ព្យុះទី១៦ឈ្មោះ ណូរុ នឹងឆ្លងកាត់ប្រទេសវៀតណាមភាគខាងកណ្តាលនៅវេលាម៉ោង១យប់ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិត ( STS )រួចបន្ថយឥទ្ធិពលជាវិសម្ពាធ (TD) ចូលមកលើអាងទន្លេមេគង្គមុននឹងថមថយឥទ្ធិពលទៅជាវិសម្ពាធទាប (LOW)៕