ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានសាងសង់សម្រេចជិត១០០ភាគរយ និងត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មានថា គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនបានអនុវត្តលឿនជាងផែនការគ្រោងទុករហូតដល់ទៅ៨ខែខណៈការងារដែលសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលខាងមុខនេះ។
លោកបានណែនាំដល់ប្រជាពលរដ្ឋគួរយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជាប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ខណៈក្រសួងកំពុងរៀបចំផលិតនូវវីដេអូអប់រំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿននេះដែរហើយត្រៀមនឹងផ្សព្វផ្សាយនាពេលខាងមុខ។
សូមជម្រាបថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ទៅខេត្តព្រះសីហនុមានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕