ភ្នំពេញ៖ ជនសង្ស័យចំនួន៤៧នាក់(ស្រី៣នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេសកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២៣នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ករណីជួញដូរចំនួន៨ករណីឃាត់ខ្លួន២០នាក់, ដឹកជញ្ជូនរក្សាទុក២ករណីឃាត់ខ្លួន៣នាក់, ប្រើប្រាស់៤ករណីឃាត់ខ្លួន២៤នាក់(ស្រី៣នាក់)។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន(Ice)ទម្ងន់១៦៧០៣,១០ក្រាម និង៥៦កញ្ចប់តូច, កេតាមីន(Ke) ទម្ងន់២០,០ក្រាម, អ៊ិចស្តាស៊ី(mdma)ទម្ងន់១៥១៣,៤៣ក្រាម និងនីមេតាហ្សាប៉ាម(N-zapam)ទម្ងន់៦៥,៧០ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្តដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕