ភ្នំពេញ៖ ឥទ្ធិពលប្រព័ន្ធសម្ពាធទាបបានរំកឹលចុះមកក្រោមដោយអូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសានកម្ពុជា នឹងបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេនឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តនៅក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់សាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត នឹងជំនន់ទឹកភ្លៀងដែលនឹងបន្តធ្លាក់ថ្មីផ្ទួនៗទៀតផងដែរ៕