ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំដោយណែនាំអំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដល់ស្ថាប័នពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះសម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបន្ដថា យោងតាមស្ថានភាពការណ៍ចាំបាច់នេះកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើតគណៈបញ្ជាការប្រតិបត្តិការដើម្បីអនុវត្តផែនការនេះ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថាកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅក្រសួងយុត្តិធម៌បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសជួយពង្រឹងបន្ថែមចំពោះផ្នែកច្បាប់ផងដែរ៕