ភ្នំពេញ៖ យ៉ាងហោចណាស់មានទីតាំងលេងល្បែងស៊ីសងប្រមាណ៣៤ករណី នៅក្នុងរាជធានីភ្នំពេញត្រូវបានអាជ្ញាធរចុះបង្រ្កាបនិងឈានដល់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៦៤នាក់ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។
របាយការណ៍របស់នគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងដោយឃាត់បានមនុស្សចំនួន៦៤នាក់ ស្មើនឹង៣៤ករណី នៅក្នុងខណ្ឌចំនួន១១។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹម នឹងព្រមានដកហូតមុខតំណែងប្រសិនបើមិនអនុវត្តតួនាទី។
តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍លើកឡើងថា ទីតាំងបនល្បែងនៅតាមហាងគុយទាវនិងហាងកាហ្វេព្រមទាំងទីតាំងសុខច្បាប់ដទៃទៀតចាំបាច់ត្រូវតែបិទចោល។ សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទើបសម្រេចចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃធ្វើជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានតួនាទីភារកិច្ចរៀបចំផែនការវិធានការគោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕