ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន ៖ ជួញដូរ ៩ករណី ឃាត់ ១៥នាក់,ដឹកជញ្ជូន រក្សាទុក ១ករណីឃាត់ ២នាក់ ,ប្រើប្រាស់ ៤ករណីឃាត់ ៦នាក់(ស្រី ១នាក់) ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice)ទម្ងន់៥៥,៨៤ក្រាម និង១កញ្ចប់តូច,កេតាមីន(Ke)ទម្ងន់ ២៩៦,០ក្រាម ,អ៊ិចស្តាស៊ី (mdma)ទម្ងន់៧៥១៣,២៤ក្រាម និងកញ្ឆា ទម្ងន់៣២០០,០ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕