ភ្នំពេញ៖ ជនសង្ស័យជាជនជាតិខ្មែរ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបមួយ ដោយដកហូតបាននូវសារធាតុញៀន ទម្ងន់ជិត៨គីឡូក្រាម។
យោងតាមរបាយការណ៍ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងនៅដោលដៅផ្សេងគ្នា រួមមាន៖
គោលដៅទី១, នៅចំណុច ផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀន ប្រមាណជាង៥គីឡូ។
គោលដៅទី២, នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហុង ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ និងថ្នាំញៀន ប្រមាណជាង១គីឡូ ព្រមទាំងសារធាតុគីមី ទម្ងន់ជាង៣គីឡូ។
និងគោលដៅទី៣, ឆែកឆេរ បន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសម្ភារកែច្នៃ និងថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖លាង ឡា