ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យដែលបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន ហើយរត់គេចខ្លួនទៅប្រទេសថៃ អស់រយៈពេលជាង២ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត អតីតយោធា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ជនសង្ស័យរូបនេះ ជាប់ចោទពីបទ បានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន ( និស្សិតពេទ្យ ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។
សូមរំលឹកថា កាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ករណីបាញ់សម្លាប់នេះ ត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីរឿងប្រចណ្ឌ៕
អត្ថបទ៖លាង ឡា