ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះក្រៅពីការបង្កើតបន្ថែមនិងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើនសម្រាប់ប្រទេសក្នុងតំបន់។
ការបង្ហាញភាពជឿជាក់នេះបានធ្វើឡើងក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូនាពិធីបើកសម្ពោធពិពរណ៌ចិន-អាស៊ានលើកទី១៩ ឆ្នាំ២០២២ នៅទីក្រុងណានីងក្រោមប្រធានបទ "ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់៣.០"។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍លើកឡើងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាននិងចិនសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនចាប់តាំងពីការចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគនានាជាបន្តបន្ទាប់ ។
សម្ដេចតេជោបានលើកឡើងថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់១.០និងទម្រង់២.០កន្លងមក កម្ពុជាគាំទ្រដល់គំនិតផ្តួចផ្តើមការលើកកម្ពស់កិច្ចព្រមព្រៀងនេះទៅជាទម្រង់ថ្មី៣.០ និងយល់ថាត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងចិនឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានាព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម (SMEs)។
ជាមួយគ្នានេះសម្តេចតេជោជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះក្រៅពីការបង្កើតបន្ថែមនិងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគជាច្រើនសម្រាប់ប្រទេសក្នុងតំបន់ ក៏កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់ការលូតលាស់វិស័យខាងលើនេះផងដែរជាពិសេសនឹងក្លាយជា "ក្របខណ្ឌស្នូល" សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់៣.០នាពេលខាងមុខ៕