សៀមរាប៖ កម្ពុជាបានកំណត់មូលបទ " បង្កើនល្បឿនអន្តរកាលថាមពល៖ ការស្ដារសេដ្ឋកិច្ចឡើងវិញនិងកំណើនប្រកបដោយចីរភាព" សំដៅជំរុញការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់បន្ថែមលើការពន្លឿនអន្តរកាលថាមពលឆ្ពោះទៅរកវិបុលភាពរួមមួយដែលមានភាពប្រាកដនិយម។
នៅក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេននាពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធនិងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះបានលើកឡើងថា កម្ពុជាកំពុងខិតខំយ៉ាងសកម្មក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។
សម្តេចតេជោបានថ្លែងថា ក្នុងឆ្នាំ២០២១កន្លងមកនេះថាមពលដែលបានមកពីប្រភពថាមពលកកើតឡើងវិញរួមមានវារីអគ្គិសនីថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់បានកើនឡើងទៅដល់៤០%នៃថាមពលសរុបរបស់កម្ពុជារឺម្យ៉ាងទៀតបើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជាចំណែកអានុភាពនៃ ប្រភពថាមពលកកើតឡើងវិញគឺមានរហូតដល់៥៥%នៃអានុភាពតម្លើងសរុប ។
សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញឱ្យបានអតិបរមានិងជាបន្តបន្ទាប់ទៅតាមលទ្ធភាពទទួលបានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពលដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលមានធ្យូងថ្មនិងប្រេង ជាដើម ប៉ុន្តែដើម្បីសម្រេចទិសដៅនេះកម្ពុជាកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពលផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាតឆ្ពោះទៅអព្យាក្រឹត្យភាពកាបូននិងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនបានថ្លែងថា ក្រោមកិច្ចសហការយ៉ាងសកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍កម្ពុជាក៏បានរៀបចំកម្មវិធីអភិវឌ្ឍន៍អន្តរកាលថាមពលរបស់ខ្លួនដោយផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន៣រួមមាន៖ ការរៀបចំផែនការថាមពលនិងការពង្រឹងស្ថាប័ន, ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំនិងការបញ្ចេញឧស្ម័នកាបូនទាបនិងតម្លាភាពនិងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគក្នុងគម្រោងថាមពលថ្មី៕