សហគមន៍តំបន់ការពារធម្មជាតិ-អេកូទេសចរណ៍រាំងខ្វាវ (ភូមិក្សេត្របុរី) ដែលកាលពីមុនគេកម្របានទៅដល់ ឬបានស្គាល់សូម្បីតែផ្លូវទៅកាន់សហគមន៍ក៏ពិបាករក និងពិបាកធ្វើដំណើរផងនោះឥឡូវនេះមានផ្លូវក្រួសក្រហម និងសមិទ្ធិផលដទៃផ្សេងទៀតផងដែរនេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់។
បើតាមមន្ទីរទេសចរណ៏កន្លងមកនេះក្រោមកិច្ចសហការពីមន្ទីរទេសចរណ៍ខេត្ត និងមានការឧបត្ថម្ភគាំទ្រថវិកាពីសហគ្រិនខ្មែរជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាំងប៉ាណូបង្ហាញផ្លូវធំៗ៣ផ្ទាំងត្រូវបានបង្កើតឡើងសម្រាប់សម្រួលក្នុងការចង្អុលបង្ហាញផ្លូវដល់ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរជាតិ-អន្តរជាតិ ។ ជាក់ស្តែង ប្រសិនបើគេធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ (ត្រង់ផ្លូវបំបែកលាច) ឆ្ពោះទៅកាន់ស្រុកភ្នំក្រវាញរួចទៅដល់ចំណុចផ្លូវបែកទៅវត្តកណ្តាល (ខាងឆ្វេងដៃ) ហើយងាកបែរមកស្តាំដៃវិញគេនឹងឃើញផ្ទាំងប៉ាណូបង្ហាញផ្លូវទៅកាន់សហគមន៍តំបន់ការពារធម្មជាតិ-អេកូទេសចរណ៍រាំងខ្វាវ ដែលចង្អុលបង្ហាញចម្ងាយផ្លូវ៣៩គ.ម។ លុះគេបន្តដំណើររហូតទៅដល់ផ្លូវកែងអក្សរ តេ “T” គេនឹងឃើញផ្ទាំងប៉ាណូ ដែលដាក់ចម្ងាយផ្លូវ១០គ.ម នឹងទៅដល់សហគមន៍ ហើយចុងក្រោយនៅពេលគេបន្តដំណើរដល់ផ្លូវកែងមុខសាលាបឋមសិក្សារាំងខ្វាវគេនឹងឃើញប៉ាណូដែលដាក់ចម្ងាយ១គ.ម នឹងដល់សហគមន៍…។
បច្ចុប្បន្ន ដោយសារការខិតខំប្រឹងប្រែងរបស់មន្ទីរក៏ដូចម្ចាស់ជំនួយនិងអង្គការនានាមួយចំនួនបានផ្ដល់ប្រព័ន្ធសូឡាដល់ស្ថានីយសាកអាគុយសម្រាប់ប្រជាពលរដ្ឋ ទទួលបានភ្លើងប្រើប្រាស់តាមផ្ទះ, មានប្រព័ន្ធទឹកស្អាត, មានមណ្ឌលព័ត៌មានសម្រាប់សាកសួរព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការងារទេសចរណ៍ជាពិសេសសម្រាប់បម្រើឲ្យការងារអភិវឌ្ឍន៍អេកូទេសចរណ៍ជាមួយនឹងការអភិរក្សព្រៃឈើ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ”សួយ” ផងដែរ។
ទន្ទឹមនឹងការរីកចម្រើនខាងលើសហគមន៍ក៏មានព្រៃធម្មជាតិប្រកបទៅដោយរុក្ខជាតិតូចធំដ៏ស្រស់បំព្រង ដែលកន្លែងខ្លះមានផ្ការុក្ខជាតិជាច្រើនប្រភេទចម្រុះពណ៌គ្នាគួរឲ្យគយគន់សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងព្រៃធម្មជាតិនេះ។
ដោយឡែកសហគមន៍ខាងលើក៏មានព្រៃភ្នំដែលបង្កប់ក្នុងព្រៃនៃកម្រងជួរភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់។ ប្រសិនបើភ្ញៀវទេសចរចង់ធ្វើដំណើរផ្សងព្រេងឡើងលើកំពូលភ្នំគឺត្រូវធ្វើដំណើរកាត់ព្រៃឫស្សី ព្រៃស្រោងស្តើងក្រាស់ និងមានចំណោតចោតខ្លាំងតម្រូវឲ្យភ្ញៀវទេសចរ មានការប្រុងប្រយ័ត្នផងដែរ ។ ដោយឡែកសម្រាប់ប្រភពទឹកវិញគឺមានទឹកហូរ ទឹកធ្លាក់តាមដងផ្លូវ រហូតដល់កំពូលភ្នំតែម្តង។ រីឯលើកំពូលភ្នំវិញមានទីវាលរាបដែលភ្ញៀវទេសចរអាចបោះតង់សម្រាកមើលឃើញខ្នងភ្នំជាច្រើនស្រទាប់ ដែលបង្កប់ទៅដោយជម្រកសត្វព្រៃជាច្រើនប្រភេទមានទឹកធ្លាក់ច្រើនដំណាក់ ហើយថែមទាំងបានស្តាប់សម្លេងទឹកជ្រោះហូរខួបប្រាំងវស្សាទៀតផង។
សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ-អេកូទេសចរណ៍រាំងខ្វាវស្ថិតនៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ មានចម្ងាយ២៥៣គ.ម ពីរាជធានីភ្នំពេញ ៦៧គ.ម ពីទីពីរួមខេត្តពោធិ៍សាត់និង៣៩គ.ម ពីទីរួមស្រុកភ្នំក្រវាញ៕