ការរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញដូចជាប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍ គឺជាវិធីសាស្រ្តដ៏ប្រសើរទាំសម្រាប់បរិស្ថាន និងប្រតិបត្តិករទេសចរណ៍នេះបើតាមការលើកឡើងរបស់លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃនេះ។ ការលើកឡើងរបស់លោក គុជ បញ្ញាសា បន្ទាប់ពីនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងមួយក្រោមការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដែលមានឈ្មោះថា “ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន” ត្រូវបានដាក់ឱ្យដំណើរការ។
គម្រោងនេះធ្វើឡើងក្នុងគោលបំណងសម្របសម្រួលឱ្យមានដាក់បញ្ចូលការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ ផ្ទះស្នាក់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានធម្មជាតិនិងទីតាំងទេសចរណ៍ធម្មជាតិតាមសហគមន៍។ លោក គុជ បញ្ញាសា បានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងឡាយសមាជិកទេសចរណ៍ធម្មជាតិតាមសហគមន៍ និងស្ថាប័នពាក់ព័ន្ធនានាចូលរួមគាំទ្រការអនុវត្តគម្រោងនេះដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយចីរភាពនៅកម្ពុជា។
ចំណែកលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រនិងប្តេជ្ញាចិត្តក្នុងការជួយសមាជិករបស់សហព័ន្ធទេសចរណ៍កម្ពុជាចូលរួមកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គីសនី ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេតាមរយៈការណែនាំឱ្យប្រើប្រាស់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការគ្រប់គ្រងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពសំដៅគាំទ្រសមាជិកទាំងអស់ក្នុងការស្តារអាជីវកម្មរបស់ពួកគេឡើងវិញឱ្យបានកាន់តែប្រសើរឡើងក្រោយវិបត្តិកូវីដ-១៩។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF រំពឹងថា គម្រោងនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍ឆ្ពោះទៅមុខដោយអនុវត្តបទដ្ឋានមួយប្រកបដោយការទទួលខុសត្រូវ និងនិរន្តរ៍ភាពប្រសើរជាងមុនព្រមទាំងនឹងនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា៕