សៀមរាប៖ ថ្លែងនៅក្នុងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់មេដឹកនាំអាស៊ានឱ្យគិតគូបន្ថែមទៀតតាមរយៈការឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាបញ្ហាថ្មីៗរួមមាន៖ វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ជំងឺឆ្លងរាតត្បាតជាដើមកំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោកក៏ប៉ុន្តែមិនមានន័យថា បញ្ហាទាំងនេះនឹងតម្រូវឱ្យបណ្តា ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយមបង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទុចបង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកលលោក ឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូចដែលជាបក្ខពួកខ្លួននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់អាស៊ានគួររួមគ្នាជាធ្លុងមួយដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ប្រកបដោយតម្លាភាពនិងគ្មានការរើសអើង។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាបច្ចុប្បន្នពិភពលោក និងអាស៊ានកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដោយសម្តេចជឿជាក់ថា នឹងអនុញ្ញាតឱ្យតំបន់ទាំងមូលអាចប្រែក្លាយខ្លួនបន្តិចម្តងៗឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាពការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពភាពធន់រឹងមាំនិងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងភាពជឿជាក់ដែរថាអាស៊ាននឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំសាមគ្គីភាព និងមិត្តភាពដើម្បីជម្នះរាល់បញ្ហាប្រឈមនានានិងការកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ "ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ" និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ច សហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរបស់ប្រជាជននិងតំបន់៕