សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានឆ្លើយតបភ្លាមៗចំពោះអ្នកចង់ផ្តួលរំលំរាជរដ្ឋាភិបាលហើយតាំងចិត្តថា នឹងមិនអនុញ្ញាតឱ្យមានការធ្វើរដ្ឋប្រហារណាមួយជាដាច់ខាត។
សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមកទីតាំងថ្មីនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ មានប្រសាសន៍នៅក្នុងឱកាសនោះសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដរាបណាសម្តេចនៅក្នុងតំណែងដរាបនោះមិនអនុញ្ញាតឱ្យនរណាធ្វើរដ្ឋប្រហារជាដាច់ខាតហើយកម្លាំងប្រដប់អាវុធមានសិទ្ធិការពារជាតិ និងការពារប្រជាជនខណៈនាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាកម្លាំងទាំងនេះ។
សម្តេចតេជោ ហ៊ុន សែន បានគួសបញ្ចាក់ដែរថា នាពេលកន្លងទៅសម្តេចធ្លាប់ត្រូវបានគេឃុំខ្លួនក្នុងផ្ទះ និងរងការធ្វើរដ្ឋប្រហារចំនួន៣ដងព្រមទាំងការប៉ុនប៉ងសម្លាប់ម្តង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅក្នុងខេត្តសៀមរាបផងដែរ៕