ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិតនៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជួយសម្រួលដល់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅរាជធានីភ្នំពេញ។
កម្ពុជា និងប្រទេសដែលត្រូវចូលរួមកិច្ចប្រជុំកំពូលនេះបានពិភាក្សាគ្នាបណ្តើរៗហើយពីការត្រៀមខ្លួនទទួលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ដែលត្រូវចូលរួមប្រជុំក្របខណ្ឌអាស៊ាន។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានទទួលជួបគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Ryan Montoya ជំនួយការរបស់ប្រធានាធិបតីអាមេរិក និងបានពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការចូលរួមរបស់ថ្នាក់ដឹកនាំអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ៕