ភ្នំពេញ៖ កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលនឹងរំកឹលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម និងអាងទន្លេមេគង្គជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា ឥទ្ធិពលនេះនឹងកើតឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ ខែកញ្ញា។
ក្រសួងបានឱ្យដឹងដែរថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះតំបន់ខ្លះក៏អាចមានភ្លៀងធ្លាក់ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ជាមួយគ្នានេះក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ផងដែរ៕