ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យអាជ្ញាធរគ្រប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាពឱ្យបានល្អក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើឡើងតាមបណ្តាញទំនាក់ទំនងផ្លូវការណ៍នាព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី១១ ខែកញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរដែលមានតាំងពីបុរាណកាលមក។
សម្តេចតេជោ បានលើកឡើងថា នេះជាពេលវេលាមួយដែលប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២៕