ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត សៀមរាប រៀបចំអភិវឌ្ឍ តំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្តេចវិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មី។
ការជំរុញដែលបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិ អប្សរា ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ផ្លូវលំ សាលារៀន មន្ទីរពេទ្យ សេវាទឹកស្អាត និងអគ្គីសនី ជាដើម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បី បំពេញតាមលក្ខខណ្ឌនៃការបន្តរក្សាលក្ខណសម្បត្តិរបស់តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌ ពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ការងារសម្អាតដីឡូតិ៍ នៅតំបន់អភិវឌ្ឍន៍ធម្មជាតិ ភូមិរុនតាឯក បានចំនួន ២,៦ ហិកតា នៅតំបន់៧ (សរុបរួមបាន ៧៨,៣ ហិកតា) នឹងបន្តសម្អាតទំនប់ស្រះស្រង់ខាងត្បូង បានប្រវែង ១៥០ ម៉ែត្រ (សរុបរួម ៧០៨ ម៉ែត្រ)៕
អត្ថបទ៖លាង ឡា