ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធ សម្រាប់ថ្នាក់ជាតិ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យប្រារព្ធធ្វើនៅតាមបណ្តារាជធានីខេត្តនានា។
នៅក្នុងការសម្រេចដែលបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីបុណ្យ អុំទូក កម្សាន្ត សប្បាយនៅតាម បណ្ដារាជធានីខេត្តនានា ទូទាំងប្រទេស អាចប្រព្រឹត្តទៅបានតាម លទ្ធភាពជាក់ស្ដែង ដើម្បីបង្កភាព សប្បាយរីករាយជូនប្រជាពលរដ្ឋ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើន នៅក្នុងប្រទេស កម្ពុជា ដែលប្រារព្ធធ្វើឡើងរៀងរាល់ខែ វិច្ឆិកា ហើយពេលខ្លះ អាចធ្លាក់មកចុងខែតុលា ដែលជាខែចេញ វស្សា។ ពិធីបុណ្យអុំទូកត្រូវគេជឿថា បានប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖លាង ឡា