ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានលើកឡើងថា គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការ បង្កើន ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត “គណៈបញ្ជាការដឹកនាំប្រតិបត្តិការ មានភារកិច្ចដឹកនាំ និងបញ្ហាដោយផ្ទាល់នូវ ប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ"។
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានគួសបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺមួយដោយធ្វើការអំពាវនាវដល់សាធារណជន សហគមន៍ជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច បន្តសហការផ្តល់ព័ត៌មានបន្ថែមទៀតពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លង ដែនផ្សេងទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។
អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានលើកឡើងថា សាធារណជនអាចផ្ដល់ព័ត៌មានអាចធ្វើទៅបានតាមរយៈ ៖
១- ទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister។
២- លេខទូរស័ព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥។
៣- ទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police ។
៤- ទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ Goreral Department of Immigration-GDI-។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានសារព័ត៌មានមួយស្រង់ប្រសាសន៍ថា អាជ្ញាធរ នឹង អាចចាត់វិធានការបានល្អប្រសើរជាង ប្រសិនបើមានការផ្ដល់នូវព័ត៌មានលម្អិតដូចជាទីតាំង ឈ្មោះ និងសញ្ជាតិរបស់ជនរងគ្រោះ បទល្មើស និងព័ត៌មានច្បាស់លាស់អំពីជនល្មើស៕
អត្ថបទ៖លាង ឡា