ភ្នំពេញ៖ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ពីស្ថាប័ន World Travel Awards ដែលជាពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ក្រសួងទេសចរណ៍បានឱ្យដឹងថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍បានឱ្យដឹងថាតាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង៥៨០ភាគរយក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។ លោកថា កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង២លាននាក់ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ ក្រោមប្រធានបទ "គោលដៅសម្រាប់ទ្វីបអាស៊ី" ទីមួយគឺគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងទីពីរគឺគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ទាំងពីរនេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២៕