បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង។ យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី៤២ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាន វណ្ណា ហៅស្រួច ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជាមួយគ្នានេះសមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន១កញ្ចប់ ទម្ងន់៩៩៧.០១ក្រាម (ថ្នាំសុទ្ធ), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក,ទូរសព្ទដៃចំនួន ១គ្រឿង និងកាបូបស្ពាយដាក់គ្រឿងញៀនចំនួន១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តនីតិវិធី ៕