លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា បើធៀបទៅនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀតកម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេក្នុងការជួញដូរការបំផ្លិចបំផ្លាញការលួចយក និងការជីកកកាយដោយខុសច្បាប់ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃសង្គ្រាមស៊ីវិលនិងអស្ថិរភាព។ លោកថា ផ្អែកតាមតម្រូវការនៃការរីកចម្រើនទីផ្សារងងឹតក្នុងការជួញដូរសម្បត្តិវប្បធម៌បានបណ្ដាលឱ្យមានការរលាយខ្ចាត់ខ្ចាយប្រាសាទបេតិកភណ្ឌនិងទីតាំងបុរាណជាច្រើនកន្លែង។
ការលើកឡើងរបស់ប្រមុខកាទូតកម្ពុជាបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិស្តីពីការការពារនិងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់នៅដែលធ្វើឡើងនៅខេត្តសៀមរាប។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន វាមិនមែនជារឿងចៃដន្យទេចំពោះការរៀបចំកម្មវិធីនេះនៅទីក្រុង ដែលសម្បូរដោយបេតិកភណ្ឌវប្បធម៌និងជាជម្រក នៃតំបន់បេតិកភណ្ឌអង្គរ អមទៅដោយប្រាសាទបុរាណរាប់ពាន់ និងជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ លោកជឿថា នៅប្រទេសកម្ពុជា សៀមរាបជាខេត្តដែលល្អដាច់គេហើយក៏ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌និងសិល្បៈក្នុងការជួបប្រជុំពិភាក្សាលើប្រធានបទដ៏រសើបនៃការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌នានារបស់យើង។
លោកពិតជារីករាយក្រៃលែង ដែលភ្ញៀវអន្តរជាតិបានចូលរួមដោយផ្ទាល់នៅទីនេះដើម្បីបានមកឃើញនូវភាពសម្បូរបែបនៃវប្បធម៌កម្ពុជានិងភាពស្រស់ស្អាតនៃវត្ថុបុរាណព្រមទាំងទទួលបានព័ត៌មានអំពីបញ្ហាប្រឈម ដែលកំពុងជួបប្រទះក្នុងការការពារសម្បត្តិវប្បធម៌ដើម្បីប្រឆាំងនឹងចោរកម្មការលួចយកនិងជួញដូរខុសច្បាប់លើទីផ្សារសិល្បៈអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងទៀតថា ការលួចនិងការជួញដូរទ្រព្យសម្បត្តិវប្បធម៌ដោយខុសច្បាប់ គឺជាឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបន្ទាប់ពីបញ្ហាគ្រឿងញៀននិងការជួញដូរអាវុធ។ វាជាបញ្ហាប្រឈមរួមមួយយ៉ាងធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយដោយប្រទេសអាស៊ានទាំងអស់៕