នៅក្នុងឳកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ ផលិតកម្ម Galaxy Navatra មានគំរោងចេញបទចំរៀងខ្នាតធំមួយបទជាចំណងដៃពិសេសរបស់លោកព្រាបសុវត្ថិរួមគ្នាជាមួយនឹងកញ្ញាតន់ចន្ទសីម៉ា។ គួរអោយចាប់អារម្មណ៍ផងដែរនៅក្នុងដំណើរការថត MV ចំរៀងខ្នាតធំមួយបទនេះ ឃើញថាមានការចូលរួមសម្តែងពីក្រុមនារីជាច្រើនជួរគ្រងដោយសំលៀកបំពាក់ប្រពៃណីជាតិផងដែរ។ តាមរយៈហ្វេកប៊ុកផេកផ្លូវការរបស់ម្ចាស់ផលិតកម្ម លោកឡេងណាវ៉ាត្រាបានសរសេររៀបរាប់ឡើងថាគ្រប់ការងារដឹកនាំទាំងអស់ត្រូវតែមានភាពម្ចាស់ការ ការងារសិល្បៈមិនបានចំណេញថវិកានោះទេ ប៉ុន្តែត្រូវប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ស្របពេលដែលប្រទេសជាតិកំពុងរីកចំរើនគ្រប់វិស័យ សិល្បៈរបស់យើងត្រូវតែប្រកួតប្រជែងជាមួយពិភពលោក សាមគ្គីភាព ការប្តេជ្ញាចិត្តគង់ថ្ងៃណាមួយមានឳកាស។
សំរង់ពាក្យសំដីខាងលើរបស់លោកធ្វើអោយមហាជនជាច្រើនបង្ហាញការគាំទ្រនិងមានមោទនភាពជាខ្លាំងទៅលើទស្សនវិស័យមោះមុតរបស់ថ្នាក់ដឹកនាំ Galaxy Navatra ជាពិសេសពួកគេកាន់តែស្ញប់ស្ញែងកំលាំងរួបរួមគ្នា និងដួងព្រលឹងស្មារតីសាមគ្គីគ្នារបស់ក្រុមនារីចូលរួម រួមទាំងការសហការថតដ៏ល្អឥតខ្ចោះពីក្រុមផលិតករផងដែរ។ នៅលើហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញាតន់ចន្ទសីម៉ាផងដែរក៏បានបង្ហើបនូវ Cover ដ៏ស្រស់ស្អាតពីបទចំរៀងក្នុងគំរោងផលិតខ្នាតធំនោះ ដែលមានរូបនាងគ្រងសំលៀកបំពាក់ប្រពៃណីពណ៌ផ្កាឈូក រំលេចជាមួយនឹងចំណងជើងធំៗថា«ស្រលាញ់អ្វីដែលខ្មែរមាន» ទើបអាចទាញការសន្និដ្ឋានថាបទចំរៀងរួមគ្នាមួយបទជាមួយនឹងលោកព្រាបសុវត្ថិនឹងបកស្រាយទៅលើ Concept ជាបទចំរៀងជាតិខេមរារបស់យើងផងដែរ។ អញ្ចឹងទស្សនិកជនទាំងអស់គ្នាកុំភ្លេងរង់ចាំទស្សនានៅក្នុងឳកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះផងនឹងបានរំភើប ព្រឺសំបុរ និងមោទនភាពចំពោះបទចំរៀងមួយនេះជាមិនខានពោលបទចំរៀងនៃជាតិរបស់យើងទាំងអស់គ្នា។