ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី១ នៃខែកញ្ញាឆ្នាំ២០២២នេះខេត្តព្រះសីហនុ បានក្លាយជាគោលដៅទេសចរណ៍កំពូលតារាងខណៈខេត្តកែបបានស្ថិតក្នុងលំដាប់ទី៨ នៃគោលដៅទេសចរណ៍។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា គឺមានភ្ញៀវសរុបចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១៩,៣៦០នាក់។
ក្រសួងទេសចរណ៍បានឱ្យដឹងបន្តថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុចំនួន២៩,១៦១នាក់, កំពតចំនួន២៨,០២២នាក់, សៀមរាប ចំនួន២៤,៨៤៩នាក់,បាត់ដំបងចំនួន១៧,២៩០នាក់, រាជធានីភ្នំពេញចំនួន១៦,៧៧៩នាក់, កណ្តាលចំនួន១៤,៥៨៤នាក់, កំពង់ស្ពឺចំនួន១១,៧៦០នាក់ និងខេត្តកែប ចំនួន១០,៩១៩នាក់។ យ៉ាងណាក៏ដោយតួលេខខាងលើត្រូវបានក្រសួងទេសចរណ៍បញ្ចាក់ថា មានការថមថយប្រមាណ៩.៨៥ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែងនិងដោយអន្លើៗ៕