ភ្នំពេញ៖ តូបលក់ដូររបស់អាជីវករចំនួន៩ នៅផ្សារទួលសង្កែសិ្ថតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានរងការឆាបឆេះដោយអគ្គីភ័យកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា អគ្គីភ័យនេះផ្តើមចេញពីទីតាំងរបស់ឈ្មោះ សុខ រី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខែ្មរមុខរបរ អាជីវករហើយបានឆេះរាលដាលដល់តូបចំនួន៩ទៀតបង្កឱ្យខូចខាតអស់សម្ភារមួយចំនួនតែពុំបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។
យ៉ាងណាក៏ដោយនៅក្នុងកំណត់ហេតុរបស់សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនេះដោយសារការឆ្លងចរន្តអគ្គិសនី ។
សូមបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះត្រូវបានសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត ស្មើរនឹង ២៨ម៉ែត្រគូប និងគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២២៕