ព្រះសីហនុ៖ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវ និងឈានដល់ការរំដោះបុរសជនបរទេសចំនួន៤នាក់ចេញពីការបង្ខាំងនិងធ្វើទារុណកម្មព្រមទាំងបានឃាត់ខ្លួនអ្នកទទួលខុសត្រូវយកទៅចាត់ការបន្តតាមនីតិវិធី។
របាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះស្រាវជ្រាវដល់ទីតាំងអគារលេខ៨ និងអគារលេខ១៣ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ដោយមានការសហការពីម្ចាស់ទីតាំង និងបានរកឃើញជនរងគ្រោះចំនួន៤នាក់។
របាយការណ៍ឱ្យដឹងបន្តថា ជនរងគ្រោះដែលបានសង្រ្គោះរួមមាន៖១/ ឈ្មោះ LIM HUI GUAN ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី,២/ ឈ្មោះ FONG CHUN HUI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី,៣/ ឈ្មោះ LIM KEE GUAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី និងទី៤/ ឈ្មោះ TSAI CHIH PING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
ជាមួយគ្នានេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ WONG ZHi YUAN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន នៅចំណុចអគារលេខ១៣(ខៃប៉)ពាក់ព័ន្ធករណីធ្វើទារុណកម្មតាមការចង្អុលបង្ហាញ ពីជនរងគ្រោះឈ្មោះ TSAI CHIH PING និងបានដកហូតវត្ថុតាងដែកបំពង់ទីបចំនួន១ដើម ដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ៕