ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំមន្រ្តីចុះពិនិត្យអគារព្យាបាល ជំងឺកូវីដ-១៩ តេជោសន្ដិភាព ខណៈគម្រោងសាងសង់នេះនឹងរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។
នៅក្នុងឱកាសចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្ដិភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងការសាងសង់អគារ ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការកំណត់។
សូមបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្ដិភាព ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានសាងសង់លើផ្ទៃដីទំហំប្រមាណ ៨ហិកតា ដែលមានគ្រែសរុប ចំនួន១១.០០០គ្រែ។
មណ្ឌលព្យាបាលនេះ មានអគារសរុបចំនួន ៩អគារ រួមមាន៖ អគារព្យាបាល ចំនួន៧អគារ អគាររដ្ឋបាល ចំនួន១ អគារបុគ្គលិក ចំនួន១ នឹងមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕