BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-ថៃ ឯកភាពលើផែនការសកម្មភាព ១១ ចំណុច ដើម្បីស្ដារវិស័យទេសចរណ៍

ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:28  មានជ័យ

photo_2022-09-04_08-47-54

ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ ភាគីកម្ពុជា និងភាគិថៃបានសម្រេច ឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការ១១ចំណុច។ នេះបើតាមលោក ទ្រីវ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍កម្ពុជា។

ការឯកភាពគ្នាលើផែនការសកម្មភាពស្ដារនិងលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ ខណៈភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍
ហើយភាគីថៃដឹកនាំដោយលោកមង្គល វិមលរ័ត្ន (Mongkon Wimonrat) ជាអគ្គលេខាធិការរង នៃក្រសួងទេសចរណ៍និងកីឡាថៃ អមដោយមន្ត្រីទេសចរណ៍នៃខេត្តជាប់ព្រំដែនប្រទេសកម្ពុជា និងតំណាងផ្នែកឯកជន។

បើតាមលោក ទ្រីវ ឈីវ ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៥ ដែលផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន៖ ១.ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន។ ២. ការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ "ប្រទេសពីរ គោលដៅមួយ"។ ៣. ការអភិវឌ្ឍធនធានមនុស្ស។ ៤. ការអភិវឌ្ឍគុណភាពទេសចរណ៍។ ៥. ការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។

ទន្ទឹមនឹងផែនការសកម្មភាពខាងលើ ភាគីទាំងពីរបានគូសរំលេចនូវការគាំទ្រគ្នាទៅវិញទៅមកលើទិសដៅអនាគត ដូចខាងក្រោម៖

១. ក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ពីវិបត្តិ ភាគីទាំងពីរនឹងជំរុញរៀបចំឱ្យបានឆាប់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍រួមនៃបណ្ដាខេត្តព្រំដែននៃប្រទេសទាំងពីរ (Cross-Border Joint Tourism Packages) ដែលនឹងជំរុញរំហូរទេសចរទៅវិញទៅមកទៅកាន់បណ្ដាខេត្តនៃប្រទេសទាំងពីរ។

២. ភាគីទាំងពីរឯកភាពជំរុញលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់នៅគ្រប់គោលដៅទេសចរណ៍រវាងប្រទេសពីរ ក៏ដូចជាការសម្រួលការធ្វើដំណើរនៅតាមច្រកអន្តរជាតិនានាឱ្យកាន់តែប្រសើរថែមទៀត។

៣. ភាគីទាំងពីរឯកភាពបន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព ទេសចរណ៍ពុទ្ធសាសនា ទេសចរណ៍តាមនាវាសមុទ្រជាដើម។

៤. ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។

៥. ភាគីទាំងពីរនឹងរៀបចំឱ្យមាននាវាកម្សាន្តតាមសមុទ្រ ដែលរួមបញ្ចូលកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលនឹងគ្រោងប្រកាសបើកដំណើរការទទួលទេសចរតាមសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។

៦. ភាគីទាំងពីរបន្តជំរុញឱ្យមានទស្សនកិច្ចអ្នកជំនាញទេសចរណ៍រវាងប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដែលជាគម្រោងសាកល្បង សំដៅចែករំលែកបទពិសោធន៍ដល់ប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។

៧. ភាគីថៃបានគាំទ្រឱ្យមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែមដល់អ្នកបម្រើការងារកម្ពុជាដែលកំពុងបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋាកិច្ចក្នុងប្រទេសថៃ ដោយរដ្ឋាភិបាលថៃនឹងដាក់ចុះកញ្ចប់ថវិកាបណ្ដុះបណ្ដាលនេះ។

៨. ភាគីទាំងពីរនឹងសហការរៀបចំវេទិកាវិនិយោគក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរនាពេលវេលាសមស្របខាងមុខ ព្រមទាំងនឹងរៀបចំឱ្យមានជំនួបរវាងភាគីឯកជននៃវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) ក្នុងប្រទេសទាំងពីរ។

៩. ភាគីថៃគាំទ្រនូវគំនិតផ្ដួចផ្ដើមកម្ពុជាជំរុញឱ្យព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ទេសចរណ៍កីឡាអាស៊ានដែលនឹងចូលរួមអភិវឌ្ឍន៍ទេសចរណ៍អាស៊ានផងដែរ។

១០. ភាគីថៃនឹងចែករំលែកបទពិសោធន៍លើការរៀបចំគណនីទេសចរណ៍រណប (Tourism Satellite Accounts) ដល់មន្ត្រីជំនាញទេសចរណ៍ ដើម្បីរៀបចំគណនីជាតិរបស់ខ្លួន។

១១. ភាគីថៃក៏បានទទួលពិចារណាលើសំណើរបស់កម្ពុជាលើគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានលេខាធិការដ្ឋានទេសចរណ៍អេកម៉ិក (ACMECS Tourism Secretariat) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់នេះ។

លោក ទ្រី ឈីវ បញ្ជាក់ទៀតថា ទោះបីស្ថិតក្រោមបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នារយៈពេល២ឆ្នាំកន្លងមក ក៏ដូចជាចែករំលែកបទពិសោធន៍លើដំណោះស្រាយចំពោះផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ដល់វិស័យទេសចរណ៍។

ភាគីថៃក៏បានកោតសរសើរដល់វិធានការគ្រប់គ្រងវិបត្តិដ៏មានប្រសិទ្ធភាពដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកវិស័យសេដ្ឋកិច្ច និងសង្គមឡើងវិញក្នុងបរិបទនៃការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ហើយភាគីទាំងពីរកម្ពុជា-ថៃ ក៏នឹងជួបពិភាក្សាបន្តទៀតនាឱកាសកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាននៅខេត្តសៀមរាបក្នុងសប្ដាហ៍ខាងមុខ ក៏ដូចជាកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលគ្រោងធ្វើឡើងនាថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕ (មានជ័យ)

photo_2022-09-04_08-47-31

photo_2022-09-04_08-47-41

 

photo_2022-09-04_08-47-48

photo_2022-09-04_08-47-20


ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:28  មានជ័យ