ភ្នំពេញ៖ ជនជាតិថៃ ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅក្នុងករណីបង្រ្កាបការដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសបានគ្រឿងញៀនជាង៤០ គីឡូក្រាម។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែកញ្ញានេះថា កាលពីទី៣១ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
របាយការណ៍ឲ្យដឹងបន្តថា ក្នុងករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួស ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៤នាក់ រួមមាន៖
១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ថៃ។
២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ថៃ។
៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ(រងរបួស) ជាមេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃ។
៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ(ស្លាប់)។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូត កេតាមីន(KETAMINE)ទម្ងន់ ១២ គីឡូ និង១៨០ ក្រាម,អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គីឡូ និង៧៥២ ក្រាម ,រថយន្ត ២គ្រឿង និងអាវុធខ្លី ២ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា