ភ្នំពេញ៖ ស្រ្តីជនសង្ស័យខ្មែរម្នាក់ និងបរទេសម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានកាលពីពេលថ្មីៗនេះ ត្រូវបានស្រាវជ្រាវរកឃើញថា ពួកគេធ្លាប់ធ្វើសកម្មភាពឆបោកតាមរយៈរូបភាពផ្ញើលុយ និងសម្ភារមានតម្លៃពីក្រៅប្រទេស ទាំងបានសម្រេច និងមិនបានសម្រេច រហូតដល់ចំនួន៧,៩១០ លេខទូរសព្ទ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យដែលប្រាប់សមត្ថកិច្ច បានឱ្យដឹងថា លេខទូរស័ព្ទជនរងគ្រោះដែលពួកគេធ្លាប់បានធ្វើសកម្មភាពបោកប្រាស់ ត្រូវបានកត់ទុកក្នុងសៀវភៅចំនួន៥ក្បាល ក្នុងនោះសៀវភៅទី១ មានចំនួន១,៦៨១លេខ, សៀវភៅទី២ មានចំនួន ៦៣២លេខ, សៀវភៅទី៣ មានចំនួន១,៩៩៤លេខ និងសៀវភៅទី៤ មានចំនួន២៩លេខ សរុបចំនួន៧,៩១០នាក់។
សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានជំរុញដល់ពលរដ្ឋដែលធ្លាប់ចាញ់បោកជនសង្ស័យតាមរយៈការផ្ញើលុយជាថ្នូរ ដើម្បីបានសម្ភារមកពីក្រៅប្រទេស ឱ្យទំនាក់ទំនងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្ដឹងដាក់បន្ទុកបន្ថែមទៅលើជនសង្ស័យ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ពួកគេបានរួមគ្នាធ្វើសកម្មភាពឆបោកតាមរយៈការផ្ញើលុយជាថ្នូរ ដើម្បីបានសម្ភារមកពីក្រៅប្រទេស ទៅលើជនរងគ្រោះម្នាក់ ដោយយកប្រាក់បានមួយចំនួន ប៉ុន្តែត្រូវបានជនរងគ្រោះ ប្តឹងសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួន ពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២៕
អត្ថបទ៖លាង ឡា