ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅក្នុងករណីបង្រ្កាបការដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែននិងរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅ យប់ថ្ងៃទី១ ខែកញ្ញានេះថា កាលពីទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង៣២នាទី កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
របាយការណ៍ឲ្យដឹងបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់បានជនសង្ស័យម្នាក់ឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាង ប្រភេទ កេតាមីន(KETAMINE) ចំនួយ១០០ដុំ ស្មើទម្ងន់ ១០០ គីឡូនិង៨០ក្រាម ព្រមទាំងដកហូតរថយន្ត១គ្រឿង និងទូរសព្ទ័ដៃ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕