ភ្នំពេញ៖ រថយន្តស៊េរីថ្មីចំនួន១៥០គ្រឿង ត្រូវបានក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់ជូនដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន។
នៅក្នុងពិធីផ្ទេរ-ប្រគល់នៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានចាត់ទុកសម្ភារជាជំនួយឥតសំណងពីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនថា បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងឋានៈជាមិត្តដែកថែបឱ្យស្ថិតស្ថិរគង់វង្ស និងរីកចម្រើន។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍លើកឡើងដែរថា ក្រសួងការពារជាតិកម្ពុជាបន្តគាំទ្រឥតងាករេ ចំពោះនយោបាយចិនតែមួយនិងចក្ខុវិស័យសហគមន៍វាសនារួមរវាងចិន និងកម្ពុជា។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា កងទ័ពកម្ពុជា-ចិន តែងរួមសុខរួមទុក្ខជាមួយគ្នាហើយជាដៃគូនិយាយតិចប៉ុន្តែធ្វើច្រើន។
លោកបានលើកឡើងថា ការផ្តល់រថយន្តចំនួន១៥០គ្រឿង និងសម្ភារការិយាល័យមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជាគឺសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិនជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ៕