ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន៥ ដែលមានទំហំទឹកប្រាក់សរុប៨២,៧លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគនេះ អាចបង្កើតការងារបានជិត២០០០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហាថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖
១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៣៧កន្លែង។
២-KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។
៣-SAMANEA CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។
៤-LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។
៥-HEN JIU GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៣កន្លែង៕