ភ្នំពេញ៖ ករណីផ្ទុះអាវុធមួយបានកើតឡើងនៅក្បែរកំពង់ចម្លងស្វាយជ្រុំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់និងជាច្រើននាក់ទៀតបានរងរបួស។
ការផ្ទុះអាវុធនេះត្រូវបានសមត្ថកិច្ចនិយាយថា ជាករណីបង្ក្រាបគ្រឿងញៀនដោយកម្លាំងមន្ទីរបង្ក្រាបគ្រឿងញៀនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ប្រភពបានឱ្យដឹងថា សមត្ថកិច្ចបានដេញតាមមុខសញ្ញាដល់ចំណុចកើតហេតុ ប៉ុន្តែត្រូវបានពួកគេដឹងខ្លួននិងធ្វើការបាញ់ប្រហារជាច្រើនគ្រាប់មកលើសមត្ថកិច្ចជាហេតុធ្វើឱ្យសមត្ថកិច្ចបាញ់តបតវិញ ដើម្បីការពារខ្លួនធ្វើឱ្យជនសង្ស័យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសហើយពីរនាក់ទៀតត្រូវបានឃាត់ខ្លួន។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចប្រទះឃើញវត្ថុតាងមួយចំនួនសង្ស័យសារធាតុញៀនចំនួន១បេ ដាក់នៅផ្នែកខាងក្រោយរថយន្តរបស់ជនសង្ស័យដោយលាយឡំជាមួយកូនឈើ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងដែរថា ក្នុងរង្វង់នៃប្រតិបត្តិការនេះក៏បានបណ្ដាលឲ្យពលរដ្ឋចំនួន៣នាក់បានរងរបួសដែរ ក្នុងនោះស្រី២នាក់ និងបុរសម្នាក់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។