ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញចំពោះកម្មវិធីប្រគួតបវរកញ្ញា ក្រោយមានប្រតិកម្មខ្លាំងពីសំណាក់មហាជនលើការបង្ហាញឈុតឆាកមួយចំនួន។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាស សម្តេច គង់ សំអុល នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវត្រួតពិនិត្យលើកម្មវិធីប្រគួតបវរកញ្ញា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បញ្ហាខុសឆ្គងក្នុងកម្មវិធីប្រលងបវរកញ្ញាត្រូវកែតម្រូវខណៈអ្នកសម្ដែងអត់មានកំហុសនោះទេប៉ុន្តែខុសអ្នកចាត់ការ ឬអ្នកដឹកនាំ។
គួរកត់សម្គាល់ថា នាពេលថ្មីៗនេះកម្មវិធី Miss grand Cambodia 2022 បានរងការរិះគន់ពីសំណាក់មហាជនមួយចំនួនបន្ទាប់ពីមានបេក្ខនារីខ្លះបានលើកស្លាកសម្គាល់ល្បែងស៊ីសងជានិមិត្តរូបនៃតំណាងខេត្តរបស់ខ្លួន និងការប្រើប្រាស់កាយវិការព្រមទាំងការស្លៀកពាក់មិនសមរម្យជាដើម៕